សមត្ថកិច្ច៖ ឧកញ៉ា ថោង សារ៉ាត់ ជាមេខ្លោងសម្លាប់ឧកញ៉ា អ៊ឹង ម៉េងជឺ
in: Khmer TV News Local News
ភ្នំពេញៈ សមត្ថកិច្ចបានព័ទ្ធផ្ទះលោក ឧកញ៉ា ថោង សារ៉ាត់ កាលពីយប់ម្សិលមិញ បន្ទាប់ពីបានកំណត់មុខសញ្ញាថា ជាមេខ្លោងនៃការបាញ់សម្លាប់លោកឧកញ៉ា អ៊ឹង ម៉េងជឺ។
ថ្លែងនៅខណៈចុះឡោមព័ទ្ធផ្ទះឧកញ៉ា ថោង សារ៉ាត់ លោក ជួន ណារិន ស្នងការរងនគរបាល ក្រុងភ្នំពេញ ថា សមត្ថកិច្ចបានចុះឆែកឆេរធ្វើការឃាត់ខ្លួនលោក ថោង សារ៉ាត បន្ទាប់ពីបានកំណត់មុខសញ្ញាថា ជាមេខ្លោងសម្លាប់លោកឧកញ៉ា អ៊ឹង ម៉េងជឺ។ លោកបានថ្លែងថា៖ «គេជាមេខ្លោងនៃជនឧក្រិដ្ឋ គេមិនមែនជាឧកញ៉ាទៀតទេ ប៉ុន្តែគេគេចខ្លួនបាត់ទៅហើយ។ យើងធ្វើការឃាត់ខ្លួនឪពុកម្តាយរបស់គេដើម្បីធ្វើការសាកសួរបន្ថែម»។
ក្នុងសន្និសីទសារព័ត៌មាន ដែលលោក សារ៉ាត់ បានរៀបចំ ហើយគ្រោងនឹងចូលរួមដែរ តែម្តាយរបស់គាត់ អ្នកស្រី កែវ សារី អាយុ ៥៦ឆ្នាំ បានចេញមុខប្រកាសថា លោកឧកញ៉ា កំពុងលាក់ខ្លួនដោយមានការភ័យខ្លាចការចាប់ខ្លួន ចំពោះបទល្មើសដែលគាត់ «មិនបានពាក់ព័ន្ធ»។
លោកស្រីបានថ្លែងថា នគរបាលបានចុះមកផ្ទះ ហើយបានអញ្ជើញលោក សារ៉ាត់ ទៅសាកសួរនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
លោកស្រីបន្ថែមថា៖ «ខ្ញុំមិនឲ្យកូនប្រុសខ្ញុំទៅស្នងការនគរបាលទេ»។
អង្គរក្ស ទី៤ ដែលត្រូវបានកោះហៅផងដែរនោះ បានបង្ហាញខ្លួនក្នុងការសាកសួរ ហើយត្រូវបានឃុំខ្លួន ចំណែកឯលោកស្រី សារី និងប្តីគាត់បានទៅស្នងការដ្ឋាននគរបាលជំនួសកូនប្រុស។
លោកស្រី សារី បានបន្តថា គឺនៅទីនោះ ដែលលោក ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ បានប្រាប់ពួកគេថា លោក ឧកញ៉ា សារ៉ាត់ នឹងត្រូវបានចាប់ខ្លួន។
លោកស្រីបានបន្តថា គាត់ទាំងពីរនាក់បានវិលត្រឡប់មកផ្ទះវិញ ហើយប្រាប់លោក សារ៉ាត់ ឲ្យរត់គេចខ្លួន។
លោកស្រីបាននិយាយថា៖ «យើងប្រាប់គាត់ឲ្យគេចខ្លួន»។
លោកស្រីបានបន្ថែមថា ខ្លាមិនខ្លាំងទេ ប្រសិនបើជាប់ក្នុងទ្រុង។ លោកស្រីថា៖ «កូនប្រុសខ្ញុំកំពុងលាក់ខ្លួន។ គាត់កំពុងស្នាក់នៅជាមួយនឹងមិត្តភក្តិ»។
លោក ឧកញ៉ា ម៉េងជឺ ប្រធានក្រុមហ៊ុន Shimmex Group ត្រូវគេបាញ់ ៦ គ្រាប់ នៅក្រៅហាងលក់ផ្លែឈើនៅមហាវិថីព្រះសីហនុ បន្ទាប់ពីចេញពីរថយន្ត Lexus នៅពេលយប់ថ្ងៃ ទី២២ ខែវិច្ឆិកា។ ក្នុងវីដេអូឃ្លីប គេឃើញខ្មាន់កាំភ្លើង បាញ់ ៦ គ្រាប់ ហើយរត់គេចជាមួយនឹងជនសមគំនិតតាមម៉ូតូ។
លោកស្រី សារី ថា គ្រួសាររបស់លោកស្រីមិនដែលបានជួបលោក ម៉េងជឺ ទេ។ លោកស្រីថា៖ «ច្បាស់ណាស់ យើងគ្មានជម្លោះជាមួយនឹងគាត់ឬគ្រួសារគាត់ពីមុនមកទេ យើងមិនពាក់ព័ន្ធក្នុងករណីសម្លាប់នេះទេ»។
អង្គរក្ស ៣ នាក់របស់លោក សារ៉ាត់ ត្រូវបានចាប់ខ្លួន ពេលលោកឧកញ៉ា មានវត្តមាន នៅភ្នំពេញ កាលពីថ្ងៃចន្ទ ហើយត្រូវបាននាំទៅសាកសួរទាក់ទងនឹងករណីបាញ់សម្លាប់។ មន្រ្តីនគរបាលបានថ្លែងថា ពីរនាក់បានសារភាពថា បានជាប់ពាក់ព័ន្ធក្នុងករណីមនុស្សឃាតនេះ។ ជនសង្ស័យទាំង ៤នាក់ មានដូចជា ឈ្មោះ មាស សម្បត្តិ, ឈ្មោះ សៀម វាសនា ឈ្មោះ គយ ចាន់ថល និងឈ្មោះ លី សៅ។
លោក សារ៉ាត់ ជាប្រធានក្រុមហ៊ុនវិនិយោគអន្តរជាតិមានជ័យ និងជាអតីតមន្រ្តីយោធា មានផលប្រយោជន៍អាជីវកម្មជាច្រើន រាប់ទាំងគម្រោងបុរី ៩៩៩ ផងដែរ។
លោក ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានី បានច្រានចោលចំពោះការលើកឡើងរបស់លោកស្រី កែវ សារី ដែលជាម្តាយលោកឧកញ៉ា ថោង សារ៉ាត់ ដែលបានថ្លែងនៅក្នុងសន្និសីទកាសែតនៅថ្ងៃ ទី៣ ខែធ្នូ ថា លោកស្នងការបញ្ជាឲ្យចាប់ខ្លួនកូនរបស់គាត់ឲ្យបាន កាលពីព្រឹកថ្ងៃ ទី៣ ខែធ្នូ ឆ្នាំ២០១៤។ លោកបានអះអាងថា៖ «ខ្ញុំមិនបានជួបជាមួយម្តាយលោកឧកញ៉ា ថោង សារ៉ាត់ ទេនិងមិនបានបញ្ជាឲ្យចាប់ខ្លួនលោកឧកញ៉ា ថោង សារ៉ាត់ ឡើយ»។
មន្រ្តីសាលាដំបូងរាជធានីភ្នំពេញពុំអាចទាក់ទងដើម្បីសុំធ្វើការអត្ថាធិប្បាយពីករណីនេះបានទេ ពីម្សិលមិញ៕
Source: Post Khmer
About Admin of the Blog:
Imran Uddin is the founder of AllTechBuzz .He is a Tech Geek, SEO Expert, Web Designer and a Pro Blogger. Contact Him Here
0 comments:
Post a Comment