ក្រោយមរណភាពនិងការរៀបចំពិធីបុណ្យសពលោកឧកញ៉ា អ៊ឹង ម៉េងជឺ ចប់សព្វគ្រប់មក ក្រុមគ្រួសារនិងសាច់ញាតិជនរងគ្រោះមិនធ្លាប់បានបង្ហើបឲ្យដឹងជា សាធារណៈជុំវិញករណីឃាតកម្មនេះឡើយ។
បើតាមសន្តិសុខម្នាក់បម្រើការនៅការដ្ឋានគ្រឿងសំណង់ និងជាគេហដ្ឋានរបស់លោកឧកញ៉ា អ៊ឹង ម៉េងជឺ នៅ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បានឲ្យដឹងថា ក្រោយបញ្ចប់ពិធីបុណ្យសពនៅការដ្ឋាននេះ ប្រពន្ធនិងកូនៗលោកឧកញ៉ា មិនបានមកទីនេះញឹកញាប់ទេ ហើយអង្គរក្សត្រូវពង្រឹងនិងបង្កើនកិច្ចការពារជាងមុន។
លោកថា៖ «លោកឧកញ៉ា គឺជាមនុស្សសាមញ្ញបំផុត គាត់ដូចជាមិនដែលមានរឿងអីជាមួយនរណាទេ គាត់រវល់ច្រើន មិនដែលនិយាយជាមួយកម្មករច្រើនទេ ហើយពួកខ្ញុំក៏គិតតែពីធ្វើការ មិនសូវជួបគាត់ដែរ»។
លោកស្រី តាំង គឹមឆេង ជាភរិយាលោក អ៊ឹង ម៉េងជឺ និងជាថៅកែហាងពេជ្រ ហុង កុង មានទីតាំងនៅជិតផ្សារធំថ្មី បានថ្លែងរៀបរាប់តាមទូរស័ព្ទ កាលពីម្សិលមិញថា រហូតមកទល់ពេលនេះគឺក្រុមគ្រួសារកំពុងបន្តភាពសោកសៅ។
លោកស្រីថា៖ «ទុកឲ្យសមត្ថកិច្ចជាអ្នកដោះស្រាយរកយុត្តិធម៌ ខ្ញុំមិនទាន់និយាយអីបានទេ ព្រោះកំពុងសោកសៅ...សមត្ថកិច្ចគេអត់ទាន់មកសួរនាំអីផង»។
ចំណែកប្អូនស្រីបង្កើតរបស់លោកស្រីនិងត្រូវជាប្អូនជីដូនមួយ លោក អ៊ឹង ម៉េងជឺ សុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា ក្រុមគ្រួសារកំពុងពង្រឹងស្មារតីហើយក៏បានប្រគល់ភារកិច្ចទាំងស្រុង ទៅសមត្ថកិច្ច ដើម្បីស្វែងរកយុត្តិធម៌ ព្រោះបច្ចុប្បន្ននេះ ម្តាយលោក អ៊ឹង ម៉េងជឺ ចាស់ជរាត្រូវការការថែទាំ ចំណែកប្រពន្ធរបស់គាត់កំពុងស្ថិតក្នុងសភាពទន់ខ្សោយ។ នៅពេលសួរថា តើក្រុមគ្រួសារលោក អ៊ឹង ម៉េងជឺ ស្គាល់ឧកញ៉ា ថោង សារ៉ាត់ ឬទេ?
អ្នកស្រីបានឆ្លើយថា៖ «បើសួរភរិយាគាត់ ក៏មិនដឹងដែរ ព្រោះការងាររកស៊ីប្តីប្រពន្ធគាត់ផ្សេងគ្នា យើងអត់ដឹងថា មានពាក់ព័ន្ធគ្នាឬអត់ពីមុនមកទេ?»។
កាលពីថ្ងៃ ទី២២ ខែវិច្ឆិកា លោកឧកញ៉ា អ៊ឹង ម៉េងជឺ ត្រូវខ្មាន់កាំភ្លើងពីរនាក់ បាញ់ ៦ គ្រាប់ស្លាប់ភ្លាមៗ នៅចំណុចមុខហាងលក់ផ្លែឈើ យីហោ ឡោ តិចសេង តាមផ្លូវព្រះសីហនុ កែងផ្លូវ ១០៥ ស្ថិតក្នុង សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌចំការមន ហើយករណីនោះ សមត្ថកិច្ចបានដាក់ការសង្ស័យជំហានដំបូងថា ជារឿងគំនុំ។
ក្រោយការស៊ើបអង្កេតជាង ១០ ថ្ងៃ សមត្ថកិច្ចបានឃាត់ខ្លួនបុរស ៤ នាក់ ជាអង្គរក្សលោក ឧកញ៉ា ថោង សារ៉ាត់ ហើយតុលាការបានសម្រេចចោទពួកគេពីបទឃាតកម្មគិតទុកជាមុន ដែលសង្ស័យថា លោក ថោង សារ៉ាត់ ម្ចាស់ក្រុមហ៊ុនបុរី ៩៩៩ និងក្រុមហ៊ុនសាច់ប៉ាតេមានជ័យ ៩៩៩ គឺជាមេខ្លោងក្នុងឃាតកម្មនេះ ខណៈដែលលោក បានកំពុងរត់គេចខ្លួន។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ពីម្សិលមិញថា តម្រុយនៃវត្តមានរបស់ជនជាប់ចោទ គឺទំនងជាកំពុងស្នាក់នៅប្រទេសវៀតណាម ហើយសមត្ថកិច្ចក៏បានកំពុងស្វែងរក និងស្នើទៅប្រទេសនេះសុំសហការចាប់ខ្លួនលោក ថោង សារ៉ាត់ តាមដីការបស់តុលាការផងដែរ។
លោក ខៀវ សុភ័គ បានអំពាវនាវ៖ «សូមក្រុមគ្រួសារលោក ថោង សារ៉ាត់ សហការផ្តល់ព័ត៌មានដល់ប៉ូលិសពីទីតាំងលាក់ខ្លួននោះដើម្បីឲ្យលោក ថោង សារ៉ាត់ ចូលខ្លួនទទួលទោស។ អ្នកដែលដឹងហើយមិនប្រាប់ គឺស្មើនឹងទោសសមគំនិត»។
កាលពីថ្ងៃចន្ទ ទី៨ ខែធ្នូ តាមរយៈខ្សែអាត់សំឡេងដែលអះអាងថា ជាលោក ថោង សារ៉ាត់ បានស្រែកយំនិងអង្វរ ស្នើអន្តរាគមន៍ពីនាយករដ្ឋមន្ត្រីលោក ហ៊ុន សែន ចំពោះការចោទប្រកាន់រូបលោក ក្រុមគ្រួសារ និងអង្គរក្សដោយសំអាងថា ការចោទប្រកាន់របស់តុលាការ គឺជាការមួលបង្កាច់ «ប្រែពីសទៅជាខ្មៅ»។ ថ្មីៗនេះ ខ្សែអាត់សំឡេងថ្មីមួយទៀតដែលអះអាងថា ជា លោក ថោង សារ៉ាត់ ដែរ ក៏បានសុំអន្តរាគមន៍ពីមេដឹកនាំគណបក្សសង្គ្រោះជាតិ មានលោក សម រង្ស៊ី និងលោក កឹម សុខា ឲ្យអន្តរាគមន៍ជួយរកយុត្តិធម៌ដល់ខ្លួន ឪពុកម្តាយ និងអង្គរក្ស ដែលកំពុងជាប់ឃុំដោយលើកឡើងថា ខ្លួនធ្លាប់បានជួយទំនុកបម្រុងសកម្មភាពបាតុកម្មរបស់គណបក្សនេះ កន្លងមក។
ខ្សែអាត់សំឡេងថ្មីនេះរៀបរាប់ថា៖ «ខ្ញុំបានជួយឧបត្ថម្ភគណបក្សសង្គ្រោះជាតិ បាតុកម្មតាំងពីដើមដល់ចប់អស់ ១ ម៉ឺនដុល្លារ ជាពិសេស លោក កឹម សុខា ដឹងច្បាស់ថា វាសនា (អង្គរក្សលោក ថោង សារ៉ាត់) ជាអតីតអង្គរក្សដែលលោកណែនាំមក...ខ្ញុំសន្យាថា បើខ្ញុំរួចផុតពីទោសខ្ញុំនឹងបន្តជួយផ្គត់ផ្គង់ដូចមុន ខ្ញុំនឹងសងគុណនេះ»។
ជុំវិញការអំពាវនាវនេះ លោក កឹម សុខា អនុប្រធានរដ្ឋសភា និងជាអនុប្រធានគណបក្សសង្គ្រោះជាតិ កាលពីម្សិលមិញបានឲ្យដឹងថា៖ «ខ្ញុំអត់ដែលស្គាល់គាត់ផង (ចុះការជួយឧបត្ថម្ភដល់គណបក្សសង្គ្រោះជាតិ!!!) ខ្ញុំអត់ដឹងទេ»
លោក កឹម សុខា អះអាងថា ក្នុងនាមតំណាងរាស្ត្រ ជាបក្សប្រឆាំង លោកមានតួនាទីស្វែងរកយុត្តិធម៌ដល់មនុស្សទូទៅ៖ «ខ្ញុំគិតថា អ្វីដែលពួកយើងតស៊ូសព្វថ្ងៃគឺដើម្បីយុត្តិធម៌ទាំងអស់គ្នា ទាំងអ្នកមាន អ្នកក្រ និងទាំងឧកញ៉ា។ បើអ្វីដែលជារឿងអយុត្តិធម៌ គឺយើងនឹងសិក្សា តែយើងអត់ទាន់ដឹងស៊ីជម្រៅរឿងអស់ហ្នឹងទេ»។
យ៉ាងណាក៏ដោយ ខ្សែអាត់សំឡេង ដែលបានចែករំលែកបន្ត ក្នុងបណ្តាញសង្គមទាំងអស់នេះ ត្រូវបានអ្នកប្រើប្រាស់ហ្វេសប៊ុកខ្លះចាត់ទុកថា ជារឿងកុហក ដើម្បីបោកប្រាស់កេងចំណេញនយោបាយ ចំណែកអ្នកខ្លះបានស្នើឲ្យសមត្ថកិច្ច បង្ហាញភ័ស្តុតាងនៃការចោទប្រកាន់ ហើយមានខ្លះទៀតថា ខ្សែអាត់នោះពិតជាសំឡេងលោកឧកញ៉ា ថោង សារ៉ាត់ ពិតមែន៕
Source: postkhmer
0 comments:
Post a Comment