សូមរំលឹកថា អង្គរក្សលោកឧកញ៉ា ថោង សារ៉ាត់ ដែលត្រូវឃាត់ខ្លួនទាំង៣នាក់នោះ ទី១-ឈ្មោះមាស សម្បត្តិ, ទី២-ឈ្មោះទៀង វាសនា , ទី៣-ឈ្មោះគយ ចាន់ថុល ត្រូវនគរបាលក្រុងភ្នំពេញ កាលពីថ្ងៃទីព្រឹកថ្ងៃទី១ ធ្នូ ២០១៤ នៅចំណុចច្រកស្ពានទី២ ភូមិចំរើនផល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ដោយឡែកឈ្មោះលី សៅ ( ហៅក្រៅថាវី ) ត្រូវបានឃាត់ខ្លួននៅព្រឹកថ្ងៃទី០៣ ធ្នូ ២០១៤ ។ សូមបញ្ជាក់បន្ថែមថា ពេលប្រតិបត្តិការឃាត់ខ្លួនអង្គរក្ស៣នាក់ដំបូងនោះ សមត្ថកិច្ចក៏បាននាំខ្លួនលោកឧកញ៉ា ថោង សារ៉ាត់ ទៅជាមួយផងដែរ តែអនុញ្ញាតឱ្យត្រឡប់មកកាន់លំនៅឋានវិញ នៅល្ងាចថ្ងៃដដែល។
ក្នុងសន្និសីទសារព័ត៌មានខាងលើនេះ លោកថោង ចំរើន ក៏ដូចជាលោកស្រីជាភរិយា បាននិយាយរិះគន់លោកជួន សុវណ្ណ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ថា បានបញ្ជាកូនចៅធ្វើសកម្មភាពយកអាវុធភ្ជង់កូនប្រុសរបស់លោកដែលមានងារជាឧកញ៉ា គឺជាការប្រមាថធ្ងន់ធ្ងរដល់សម្តេចឪ អតីតព្រះមហាវីរៈក្សត្រខ្មែរ ព្រះបរមរតនៈកោដ្ឋ ដែលបានឡាយព្រះហស្ថតែងតាំងជាឧកញ៉ា។ លោក លោកស្រីបានមានប្រសាសន៍បន្តថា អង្គរក្សលោកឧកញ៉ា ថោង សារ៉ាត់ មិនជាប់ពាក់ព័ន្ធការបាញ់សម្លាប់លោកឧកញ៉ា អ៊ឹង ម៉េងជឺ នោះទេ ហើយអ្វីដែលប្តីប្រពន្ធរបស់លោកទាំង២នាក់ ចេញមុខធ្វើសន្និសីទបកស្រាយការពារកូនចៅ គឺជាការស្តារមុខមាត់ក្រុមហ៊ុនរបស់លោក ក៏ដូចជាការពារកូនចៅផងដែរ ព្រោះពួកគេជាមនុស្សការពារឧកញ៉ា ថោង សារ៉ាត់ ផ្ទាល់ ហើយនៅថ្ងៃកើតហេតុនៃការបាញ់សម្លាប់លោកឧញ៉ា ថោង សារ៉ាត់ គឺអង្គរក្ស ស្ថិតក្នុងការសង្ស័យទាំង៤នាក់នោះ នៅធ្វើការក្នុងក្រុមហ៊ុន មានទាំងស្នាមស្គេនមេដៃចេញចូលធ្វើការតាមពេលកំណត់ដែលជាភ័ស្តុតាងសម្រាប់ដាក់បង្ហាញសមត្ថកិច្ចក្នុងការផ្តល់យុត្តិធម៌ដល់ជនសង្ស័យ។
លោក លោកស្រី ជាប្តីប្រពន្ធទាំង២នាក់នោះ បានលើកឡើងបន្តថា «ឧកញ៉ា ថោង សារ៉ាត់ និងលោកឧកញ៉ា អ៊ឹង ម៉េងជឺ ជាមនុស្សមិនដែលស្គាល់គ្នាឡើយ ហើយអ្នកទាំង២នោះ ក៏មិនដែលមានទំនាស់អ្វីជាមួយគ្នាដែរ។ ម្យ៉ាងទៀត ឧកញ៉ា ថោង សារ៉ាត់ និងអង្គរក្សបាញ់សម្លាប់លោកឧកញ៉ា អ៊ឹង ម៉េងជឺ តើបានប្រយោជន៍អី បើលោកប្រៀបធៀបទ្រព្យសម្បត្តិគ្នាវិញ គឺឧកញ៉ា ថោង សារ៉ាត់ មានលុយជាងឧកញ៉ា អ៊ឹង ម៉េងជឺ ១០ដងឯណោះ ដូច្នេះមានហេតុផលណា ដែលឧកញ៉ា ថោង សារ៉ាត់ ទៅសម្លាប់ឧកញ៉ា អ៊ឹង ម៉េងជឺ នោះ» ។ បញ្ហាមួយទៀត ឧកញ៉ា ថោង សារ៉ាត់ ជាមនុស្សជឿលើបុណ្យបាប និងជាមន្ត្រីយោធាថ្នាក់ឧត្តមសេនីយ៍ទោថែមទៀតផង ដូច្នេះក្នុងនាមលោកទាំង២ជាឪពុកម្តាយឧកញ៉ា ថោង សារ៉ាត់ សូមអំពាវនាវឱ្យលោក ជួន សុវណ្ណ និងតុលាការរកយុត្តិធម៌ជូនអង្គរក្ស លោកឧកញ៉ា ថោង សារ៉ាត់ ដែលកំពុងស្ថិតក្នុងការសង្ស័យនោះផង។
ជាមួយគ្នានោះដែរ លោកថោង ចំរើន និងភរិយា ព្រមានប្តឹងលោកឧត្តមសេនីយ៍ ជួន សុវណ្ណ ដែលបានធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍របររកស៊ីរបស់ក្រុមហ៊ុនលោក ធ្វើឱ្យបាត់អតិថិជនយ៉ាងច្រើនក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ។ ដូច្នេះលោកនឹងរៀបចំពាក្យបណ្តឹងប្តឹងលោកឧត្តមសេនីយ៍ ជួន សុវណ្ណ ទី១-ទៅតុលាការ , ទី២-ប្តឹងទៅរដ្ឋសភា, ទី៣-ប្តឹងទៅព្រឹទ្ធសភា , ទី៤-ប្តឹងខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន, ទី៥-បឹ្តងទៅក្រសួងការពារជាតិ, ទី៦-ប្តឹងទៅក្រសួងមហាផ្ទៃ , ទី៧-ប្តឹងទៅអគ្គស្នងការនគរបាលជាតិ ពីបទចាប់ខ្លួនឧកញ៉ា ថោង សារ៉ាត់ កូនប្រុសលោកដែលមានងារជាឧកញ៉ាតាមផ្លូវសាធារណៈធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់កិត្តិយសឧកញ៉ាដែលជាអគ្គនាយកក្រុមហ៊ុន។
លោកស្រី កែវ សារី បានមានប្រសាសន៍ថា បច្ចុប្បន្នលោកស្រីបានឱ្យលោកឧកញ៉ា ថោង សារ៉ាត់ គេចខ្លួនទៅស្នាក់នៅផ្ទះមិត្តភក្តិមួយរយៈសិន ព្រោះលោកស្រីមានការភ័យខ្លាចចំពោះការឃាត់ខ្លួនកូនប្រុសលោកស្រី ដោយហេតុថា នៅព្រឹកថ្ងៃទី០៣ ធ្នូ ២០១៤ លោកជួន សុវណ្ណ បានទូរស័ព្ទមកលោកឧកញ៉ា ថោង សារ៉ាត់ ថា ឱ្យមកទទួលយកអង្គរក្ស៣នាក់ ត្រឡប់មកលំនៅឋានវិញ តែប្រការនេះគ្រាន់តែជាលេស ដើម្បីចាប់ខ្លួនលោកឧកញ៉ា ថោង សារ៉ាត់ តែប៉ុណ្ណោះ ។ ដូច្នេះចាំបាច់ត្រូវតែឱ្យឧកញ៉ា ថោង សារ៉ាត់ គេចខ្លួនបណ្តោះអាសន្នសិន រង់ចាំតុលាការកោះហៅនៅពេលក្រោយ ទើបចូលខ្លួនបំភ្លឺ ។ សូមបញ្ជាក់ថា ទាំង២នាក់ប្តីប្រពន្ធនេះ ជាជនជាតិវៀតណាម រស់នៅស្រុកខ្មែរតាំងពីក្រោយថ្ងៃរំដោះ៧ មករា ១៩៧៩ មកម្ល៉េះ ហើយលោកទាំង២នាក់ក៏មានឈ្មោះក្នុងក្របខណ្ឌយោធា ក្រសួងការពារជាតិផងដែរ ដោយឡែកលោកឧកញ៉ា ថោង សារ៉ាត់ គឺកើតនៅស្រុកខ្មែរ។ ទាំង២នាក់ប្តីប្រពន្ធនិយាយភាសាខ្មែរមិនសូវច្បាស់លាស់ប៉ុន្មានឡើយ តែពួកលោកបានប្តេជ្ញាចិត្តថា ស៊ូជាប់គុកជំនួសកូន គឺឧកញ៉ា ថោង សារ៉ាត់ ព្រោះកូនរបស់លោក លោកស្រីមិនមែនជាមនុស្សឃោរឃៅដើរសម្លាប់គេឡើយ ៕
Source: Kohsantepheap
0 comments:
Post a Comment