ភ្នំពេញ៖ ឃាតកម្មបាញ់សម្លាប់ឧកញ៉ា អ៊ឹង ម៉េងជឺ កណ្តាល រាជធានីភ្នំពេញ ត្រូវបានវែកមុខហើយបន្ទាប់ពីសមត្ថកិច្ចបើក ការស៊ើបអង្កេតរយៈពេល១១ថ្ងៃក្រោយការបាញ់ប្រហារ ជន សង្ស័យជាមេក្លោង គឺឧកញ៉ា ថោង សារ៉ាត់ ម្ចាស់បុរី៩៩៩។ ឧកញ៉ា ថោង សារ៉ាត់ ជាឧកញ៉ាវ័យក្មេងមួយរូប ដែលធ្លាប់មាន រឿងរ៉ាវក្តីក្តាំជាច្រើនលើមុខជំនួញ របស់ខ្លួន ក្នុងនោះលោក ឧកញ៉ា ក៏ធ្លាប់មានជម្លោះជាមួយប្រធានសាលាដំបូងរាជធានី ភ្នំពេញ អាំង មាលតី រហូត ប្តឹងផ្តល់គ្នាឡើងតុលាកា ថែមទៀង ផង។
ស្នងការរងនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ ត្រី ជួន ណារិន្ទ បានថ្លែងប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើម អម្ពិលថា នៅវេលាម៉ោង ៧យប់ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៤នេះ កម្លាំងសមត្ថកិច្ច ដឹកនាំដោយព្រះរាជអាជ្ញារងសាលាដំបូង រាជធានីភ្នំពេញ សៀង សុខ កំពុងឡោមព័ទ្ធចាប់ ឧកញ៉ាវ័យក្មេង ថោង សារ៉ាត់ នៅភូមិគ្រឹះក្នុងបុរី៩៩៩ នៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។គ្រាដែលសមត្ថកិច្ចកំពុងប្រតិបត្តិការតាមចាប់ ឧកញ៉ា ថោង សារ៉ាត់ ជាមេក្លោងនោះ ជនពាក់ព័ន្ធចំនួន៤នាក់ ជា អង្គរក្សឧកញ៉ាវ័យក្មេង ពោរពេញដោយរឿងអាស្រូវ និងក្អេងក្អាង ក្នុងរបរជំនួញរូបនេះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន រួចហើយ។
អង្គរក្សទាំង៤រូបនោះរួមមាន៖ ទី១. ឈ្មោះ មាស សម្បត្ដិ ទី២. ឈ្មោះសៀង វាសនា ទី៣. ឈ្មោះ កូន ចាន់ថុល និងទី៤. ឈ្មោះ លី សៅ។ ស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ ឯក ជួន សុវណ្ណ ដែលកំពុងបញ្ជាដោយផ្ទាល់នោះ បានថ្លែង ថា កម្លាំងសមត្ថកិច្ចកំពុង ចូលឆែកឆេះនៅក្នុងភូមិគ្រឹះ តែមិនទាន់ ចាប់បានឧកញ៉ា ជាមេក្លោង នៃការបាញ់ប្រហារ កណ្តាល រាជធានីភ្នំពេញនៅឡើយទេ។
បើតាមសមត្ថកិច្ចបានបញ្ជាក់ថា រហូតដល់ម៉ោង ៨ និង១៣នាទីយប់ថ្ងៃដដែលនេះ សមត្ថកិច្ច បានឃាត់ខ្លួនឪពុក-ម្តាយ របស់ឧកញ៉ា ថោង សារ៉ាត់ ខណៈ លោកឧកញ៉ា បានរត់គេចខ្លួនបាត់ហើយ។ ឪពុករបស់លោក ឧកញ៉ា ថោង សារ៉ាត់ មានឈ្មោះ តាំង សុខ ហៅថោង ចំរើន អាយុ ៦៥ឆ្នាំ រីឯម្តាយមានឈ្មោះ កែវ សារី អាយុ៥៥ឆ្នាំ ជាមន្រ្តីក្រសួងការពារជាតិ។
រហូតដល់វេលាម៉ោង ៩ និង២១នាទី យប់កម្លាំងសមត្ថកិច្ច បានចុះទៅឆែកឆេរទីតាំងក្រុមហ៊ុន ចែកចាយសាច់បាត់ តេ នៅក្នុងសង្កាត់បឹងទំពន់ ដែលជារបស់ លោកឧកញ៉ា ថោង សារ៉ាត់ តែរកមិនឃើញលោកឧកញ៉ាទេ។ ក្នុងប្រតិ បត្តិការឆែកឆេរនាយប់នេះ សមត្ថកិច្ច បានរកឃើញ កាំភ្លើងខ្លី៦ដើម នៅក្នុងភូមិគ្រឹះរបស់ឧកញ៉ា ថោង សារ៉ាត់ ក្នុងសង្កាត់ចាក់អង្រែក្រោម។
ក្រុមអ្នកលេងហ្វេសប៊ុក ក៏បានទទូច និងបួងសួងឲ្យចាប់បានជនសង្ស័យជាមេក្លោងមកវិនិច្ឆ័យទោសផងដែរ។ ជាការកត់សម្គាល់ប្រតិបត្តិការតាមចាប់ខ្លួនឧកញ៉ា ថោង សារ៉ាត់ ដែលជាប់សង្ស័យជាមេក្លោងនៅពីក្រោយឃាតកម្មបាញ់សម្លាប់ ឧកញ៉ា អ៊ឹង ម៉េងជឺ បានធ្វើឡើងភ្លាមៗ ពោលរយៈពេល ប្រហែលជា ២-៣ម៉ោងប៉ុណ្ណោះ បន្ទាប់ពី ឪពុក-ម្តាយ របស់លោក ឧកញ៉ា ថោង សារ៉ាត់ បានហៅអ្នកព័ត៌មានជាច្រើនស្ថាប័ន ទៅធ្វើសន្និសីទព័ត៌មានលាង សម្អាតកេរ្តិ៍ឈ្មោះលោកឧកញ៉ា និងអង្គរក្សថា មិនមានជាប់ពាក់ព័ន្ធនឹងឃាតកម្ម។
ក្នុងសន្និសីទ ព័ត៌មាននេះ អ្នកស្រី កែវ សារី ជាម្តាយឧកញ៉ា ថោង សារ៉ាត់ បានគំរាមប្តឹងបកទៅសមត្ថកិច្ចថែមទៀតផង ដែលបានចាប់ លោក ឧកញ៉ា និង អង្គរក្ស។
សូមបញ្ជាក់ថា លោកឧកញ៉ា អ៊ឹង ម៉េង ថៅកែស៊ីម៉ង់តិ៍ពេជ្រ និងជាម្ចាស់ហាងពេជ្រហុងកុង ត្រូវបានឃាតកបាញ់ សម្លាប់មិនប្រណីដៃ បណ្តាលឲ្យដេកដួល ស្លាប់ក្នុងថ្លុកឈាម កាលពីវេលាម៉ោងជាង ៧យប់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ ២០១៤ ពេលលោកចុះទិញផ្លែឈើ នៅជិតស្តាត អូឡាំពិក ក្នុងសង្កាត់ទួលស្វាយព្រៃ២ ខណ្ឌចំការមន។
សូមរំលឹកផងដែរថា លោកឧកញ៉ា ថោង សារ៉ាត់ ធ្លាប់មានរឿងក្តីក្តាំជាច្រើនជាមួយដៃគូជំនួញរបស់ខ្លួន ក្នុងនោះ លោកប្រធានសាលាដំបូងរាជធានីភ្នំពេញ អាំង មាលតី ក៏ធ្លាប់មានរឿងក្តីក្តាំប្តឹងផ្តល់គ្នាផងដែរ៕
Source: DAP NEWS
0 comments:
Post a Comment